អម្រែកលើស្មា​ត្រូវបាន​ដកចេញ

الجمعة, أبريل 29, 2016

ការប្រើឱ្យទៅដងទឹកអណ្តូងបីដងក្នុងមួយថ្ងៃ លើកទី១នៅម៉ោង៦ព្រឹក បន្ទាប់មកពេលថ្ងៃត្រង់ ហើយចុងក្រោយគឺពេលល្ងាចបន្ទាប់ពីចេញពីសាលារៀន គឺមិនមែនជារឿងអាក្រក់នោះទេ។ យ៉ាតបានចំណាយពេលកន្លះម៉ោងក្នុងការដឹកទឹក៣០លីតដាក់លើកង់ត្រឡប់មកផ្ទះវិញដោយគ្មានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែការរងចាំទេ ដែលធ្វើអោយនាងមួម៉ៅ។

កុមារទំនុកបំរុងនៃអង្គការទស្សនៈពិភពលោកម្នាក់ ដែលមានអាយុ ១៣ឆ្នាំ បាននិយាយថា៖ “យើងត្រូវទៅងូតទឹក និងបោកខោអាវនៅអណ្តូងនោះ។ នៅពេលខ្ញុំទៅដល់ថ្នាក់រៀន ពួកគេ (មិត្តរួមថ្នាក់) បានបញ្ចប់មេរៀនពាក់កណ្តាលរួចទៅហើយ”។

ការខ្វះខាតទឹកបានចោទជាបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់យ៉ាត ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ជាពិសេសនៅក្នុងរដូវប្រាំ ដែលប្រជាជនត្រូវឈរតម្រង់ជួរគ្នាយ៉ាង វែងដើម្បីដងទឹកពីអណ្តូងសម្រាប់ប្រើប្រាស់។

លោក ព្រន់ ស្ពៃ ជាមេភូមិ ដែលមានអាយុ ៦២ឆ្នាំ បាននិយាយថា “វាជាទម្លាប់របស់យើងទៅហើយ ដែលត្រូវទៅដងទឹកនៅឆ្ងាយពីផ្ទះនោះ ប៉ុន្តែយើងបានព្យាយាមស្វែងរកទឹក ដែលនៅជិតៗនេះ”។

កាលពីលោក ព្រន់ ស្ពៃ នៅក្មេង គាត់បានរែកធុងពីរដែលមានទឹកពេញសងខាង ហើយដើរទៅផ្ទះ។ ដប់ឆ្នាំមកនេះ ជីវិតកាន់តែស្រួលជាងមុន នៅពេលដែលអ្នកភូមិបានប្រើប្រាស់កង់ ដើម្បីដឹកទឹក។

គាត់បាននិយាយថា៖ “យើងធ្លាប់ហូបទឹក ដោយមិនបានចម្រោះ ឬដាំនោះទេ ដែលវាបានបង្កឲ្យមានជំងឺរាគរូស បញ្ហារំលាយអាហារ និងជំងឺគ្រុនចាញ់”។

យ៉ាតបាននិយាយថែមទៀតថា៖ “វាពិបាក ដែលត្រូវដឹកទឹកនៅលើកង់ ព្រោះជួនកាលវាកំពប់អស់ ដោយសារតែផ្លូវរលាក់នៅតាមវាលស្រែ។ ពេលខ្ញុំទៅដល់ផ្ទះ (បន្ទាប់ពីងូតទឹករួច) ខ្ញុំក៏បែកញើសម្តងទៀត”។

យ៉ាតរៀនថ្នាក់ទី ៦ នៅក្នុងឆ្នាំនេះ។ នាងចំណាយពេលវេលា ចំអិនម្ហូបអាហារ លាងចានឆ្នាំង បោកសំលៀកបំពាក់ ទៅដងទឹក និងទៅសាលារៀន។ យ៉ាត ដែលជាកូនពៅទី ៦ ក្នុងគ្រួសារ សុបិនចង់ធ្វើជាមន្រ្តីប៉ូលីស ហើយនាងបាននិយាយថា “ខ្ញុំចង់ចាប់ចោរ”។

យ៉ាតអង្គុយលើកៅអីស៊ីម៉ង់ បានទាញយកសំបុត្រ និងរូបភាពខ្លះចេញពីកាបូបរៀនរបស់នាង។ នាងនិយាយថា “ខ្ញុំចង់បង្ហាញអ្នកនូវរូបថតអ្នកទំនុកបំរុងរបស់ខ្ញុំ (អង្គការទស្សនៈពិភពលោក)។ ខ្ញុំតែងតែមានអារម្មណ៍រំភើប ដែលបានទទួលរូបថតពីអ្នកទំនុកបំរុងរបស់ខ្ញុំ ព្រោះខ្ញុំអាចដឹងពីប្រទេសគេបាន”។

“ខ្ញុំបានប្រាប់ម្តាយ និងមិត្តភក្តិរបស់ខ្ញុំអំពីអ្វី ដែលខ្ញុំបានទទួលពីអ្នកទំនុកបំរុងរបស់ខ្ញុំ។ កូនស្រីរបស់អ្នកទំនុកបំរុងខ្ញុំស្អាតមែនទែន។ មុខរបស់គាត់មូល។ ខ្ញុំចង់ប្រាប់អ្នកថា (អ្នកទំនុកបំរុង) ខ្ញុំមានអណ្តូងទឹកថ្មីហើយ ដូច្នេះខ្ញុំលែងនឿយហត់ដូចពីមុនទៀតហើយ។ ខ្ញុំលែងជិះកង់កាត់វាលស្រែ ដើម្បីទៅដឹកទឹកយកមកប្រើប្រាស់ទៀតហើយ។ ខ្ញុំក៏លែងទៅរៀនយឺតទៀតហើយដែរ”។

តាមរយៈអង្គការទស្សនៈពិភពលោក អ្នកទំនុកបំរុងរបស់យ៉ាតបានផ្ញើកាតរូបភាព រូបថត សៀវភៅ ប៊ិច និងសំបុត្រ។ សិស្សានុសិស្សបាននិយាយថា “ខ្ញុំបានរក្សាទុកសម្ភារៈនោះទាំងអស់ ហើយខ្ញុំនឹងខិតខំរៀន”។

លោក វណ្ណ ធារ៉ា ជាប្រធានគ្រប់គ្រងតំបន់កម្មវិធីស្រុកសូទ្រនិគមរបស់អង្គការទស្សនៈពិភពលោក បាននិយាយថា៖“យើងចង់ឱ្យកុមារចូលរៀនបានទៀងទាត់ហើយទទួលបានការអប់រំប្រកបដោយ គុណភាព។ យើងក៏ចង់ឃើញកុមារទទួលមានសុខភាពល្អប្រសើរផងដែរ”។ ដើម្បីជួយឱ្យកិច្ចការនេះសម្រេចបាន គម្រោងរបស់អង្គការទស្សនៈពិភពលោក បានជីកអណ្តូងទឹកចំនួន ៦កន្លែងទៀត នៅក្នុងភូមិរបស់យ៉ាត ដែលអាចផ្គត់ផ្គង់ទឹកទៅដល់ប្រជាជន ប្រមាណជាង ២២០ គ្រួសារ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។