ខេត្តតាកែវប្ដេជ្ញាដើម្បីសេវាសាធារណៈឲ្យកាន់តែប្រសើរ

សេចក្តីប្រកាសព័ត៌មានរួម
ខេត្តតាកែវប្តេជ្ញាដើម្បីសេវាសារធារណៈឲ្យកាន់តែប្រសើរ
ខេត្តតាកែវ– ដោយការប្តេជ្ញាចិត្តដើម្បីសេវាសារធារណៈអោយកាន់តែប្រសើរឡើង រដ្ឋបាលខេត្តតាកែវគាំទ្រដល់កិច្ចពិភាក្សារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាសារធារណៈដែលមកពីស្រុកទាំង៩ និងឃុំចំនួន៩៧ ក្នុងអំឡុងអនុវត្តគម្រោងរយៈពេលពីរឆ្នាំ។ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ គ្រប់តំណាងផ្តល់សេវាសាធារណៈ មកជួបជុំគ្នាដើម្បីឆ្លុះបញ្ចាំង និងសិក្សាការរីកចំរើន និងដើម្បីផែនការបន្ទាប់សម្រាប់កិច្ចសហការដើម្បីពង្រឹងការប្តល់សេវាសាធារណៈអោយកាន់តែប្រសើរជាងនេះទៅទៀត។
អ្នកចូលរួមចំនួន ២៧៩នាក់ គឺជាប្រធានមណ្ឌលសុខភាព នាយកសាលា និងប្រធានផ្នែកផ្តល់សេវាសាធារណៈថ្នាក់ស្រុក និងឃុំ រួមទាំងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។ អ្នកទាំងនេះត្រូវបានចោទសួរសំណួរ សួរយោបល់ និងសំណូមពរ ដើម្បីពង្រឹងការអនុវត្តការងារនៅមណ្ឌលសុខភាព តាមសាលាបឋមសិក្សា និងរដ្ឋបាលឃុំ។ រដ្ឋបាលខេត្ត និងអង្គការទស្សនៈពិភពលោកសហការសម្របសម្រួលអោយមានសិក្ខាសាលាឆ្លុះបញ្ចាំងនេះឡើង។
លោក លី សាវេត អភិបាលរងខេត្ត និងប្រធានគណនេយ្យភាពសង្គម ខេត្តតាកែវបានមានប្រសាសន៍ថា៖“រយៈពេល ២ឆ្នាំនៃការអនុវត្ត ISAF ខ្ញុំសង្កេតឃើញថាអ្នកផ្តល់សេវាកម្មតាមមូលដ្ឋានមានទំនួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ពួកគេ។ ពួកគេមានភាពរួសរាយរាក់ទាក់ក្នុងការផ្តល់សេវាកម្មចាំបាច់ដល់ប្រជាពលរដ្ឋរបស់យើង។ ហើយពលរដ្ឋយើងយល់ពីសិទ្ធិរបស់ពួកគេកាន់តែប្រសើរ ពួកគេហ៊ាននិយាយកាន់តែបើកចំហ និងចូលរួមកាន់តែសកម្មក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាន” ។
“ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ យើងមានបញ្ហាថវិកាធ្ងន់ធ្ងរមួយចំនួន និងការផ្ទុះឡើងនៃមេរោគកូរ៉ូណា (COVID -១៩) ។ ទោះបីមានបញ្ហាប្រឈមធំ ៗ ទាំងនេះក៏ដោយ ក៏បុគ្គលិករដ្ឋបាលខេត្ត ស្រុកនិងឃុំបានខិតខំបង្កើតការសន្ទនាថ្នាក់ស្រុក និងឃុំទូទាំងខេត្ត។ វាបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះតម្លាភាព និងគណនេយ្យភាពពីអាជ្ញាធរខេត្ត” នេះជាប្រសាសន៍របស់លោក លី សុថារិទ្ធ ប្រធានជាន់ខ្ពស់កម្មវិធីគណនេយ្យភាពសង្គម នៃអង្គការទស្សនៈពិភពលោក។
ចាប់តាំងពីឆ្នាំ២០១៥ មកក្រុមការងារគម្រោងគណនេយ្យភាពសង្គមបានធ្វើការលើកកម្ពស់គណនេយ្យភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងពង្រឹងការផ្តល់សេវាមូលដ្ឋាន តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF)។ បេសកកម្មនេះឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៦ ដែលផ្តោតលើការអភិវឌ្ឍស្ថាប័នរឹងមាំ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធ្វើដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងគណនេយ្យភាពដែល ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណអាណ្ណត្តិទី ៤ (២០១៨ - ២០២៣) ដែលអំពាវនាវឱ្យមានការអភិវឌ្ឍនូវយន្តការគណនេយ្យភាពសង្គមដើម្បីចូលរួមចំណែកដល់គោលដៅជាតិនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។
ប្រសាសន៍របស់អភិបាលរងខេត្តតាកែវបានបន្ថែមទៀតថា៖“វឌ្ឍនភាពដែលបានចុះបញ្ជីតាមរយៈ ISAF ឆ្ពោះទៅរកសេវាកម្មល្អប្រសើរ និងតម្លាភាពបាន ធ្វើឲ្យ យើងជឿជាក់ថា យើងត្រូវការនិរន្តភាពកិច្ចសន្ទនាថ្នាក់មូលដ្ឋាននេះ។ វាតម្រូវអោយមានការបណ្តុះបណ្តាល និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រឹងកម្មវិធី (ISAF)។ ក៏ប៉ុន្តែយើងប្តេជ្ញាបន្តចូលរួមជាមួយប្រជាពលរដ្ឋ និងធ្វើការរួមគ្នាក្នុងការកែលម្អការអនុវត្តរបស់អ្នកផ្តល់សេវាកម្មក្នុងតំបន់” ។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប អនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ដំណាក់កាលទី ២ ត្រូវបានអនុវត្តនៅស្រុកចំនួន ៣០ និងឃុំចំនួន ២៩០ នៅខេត្តតាកែវ ពោធិសាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ចាមក្នុងឆ្នាំ ២០១៩ និង ២០២០ តាមរយៈការចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកចំនួន ១១។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាដែលមានសម្ព័ន្ធអង្គការដៃគូក្នុងស្រុក បានធ្វើការលើការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) ចាប់តាំងពីឆ្នាំ ២០១៥មកម្លេះ។ អង្គការទស្សនៈពិភពលោកបច្ចុប្បន្នបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្ត ISAF នៅជាង ៧៥០ ឃុំនិងសង្កាត់ ទូទាំងប្រទេស។
ព័ត៌មានបន្ថែមៈ
- https://www.wvi.org/sites/default/files/2020-09/Extension%20of%20Implementation%20of%20ISAF.pdf
ទំនាក់ទំនងបន្ថែមៈ
- អ្នកស្រី ឡាយ រតនា ប្រធានទំនាក់ទំនង និងសារព័ត៌មាន នៃអង្គការទស្សនៈពិភពលោក។
លេខទូរស័ព្ទ៖ ០៨៦ ៩១៥ ៩២៥, email: ratana_lay@wvi.org
- លោក ហ៊ឹម ម៉ាឡាយ៉ា នាយករងទីចាត់ការការគ្រប់គ្រងធនធានមនុស្សប្រចាំរដ្ឋបាលខេត្តតាកែវ
លេខទូរស័ព្ទ៖ ០៧៧ ៥៣០ ៩៩៨/ ០៩៧ ៣៨៧ ៧៧៧ ៣