សេចក្តីប្រកាសព័ត៌មាន ការដាក់ឱ្យដំណើរការកម្មវិធីផតខាស់ «គណនេយ្យភាពសង្គម រដូវកាលទី២» ៖ ពង្រីកយន្តការចូលរួមរបស់ប្រជាពលរដ្ឋដល់កម្រិត «ក្រុង ស្រុក ខណ្ឌ» ដើម្បីនិរន្តរភាពសេវាសាធារណៈនៅកម្ពុជា

SA Podcast season 2
Pisey Sar
Friday, August 7, 2026

រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ — គម្រោងស្តីពី "ការចូលរួមរបស់ប្រជាពលរដ្ឋដើម្បីកែលម្អការផ្តល់សេវាតាមរយៈគណនេយ្យភាពសង្គម" (ISAF) អនុវត្តដោយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុពីធនាគារពិភពលោក (World Bank) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី​ជំនួយអូស្ត្រាលី (Australian DFAT) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីវីដេអូផតខាស់ស្តីពីគណនេយ្យភាពសង្គម រដូវកាលទី២ ឬហៅកាត់ថា សារផតខាស់ក្រោមប្រធានបទ «រួមគ្នាដើម្បីធ្វើអោយសេវាសាធារណៈកាន់តែល្អប្រសើរឡើង»

ការវិវត្តដ៏សំខាន់នៃរដូវកាលទី២នេះ គឺការផ្លាស់ប្តូរពីការផ្តោតសំខាន់លើការយល់ដឹងជាមូលដ្ឋានរបស់ប្រជាពលរដ្ឋអំពីសេវាក្នុងឃុំ/សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា (ក្នុងរដូវកាលទី១) ទៅជាការជជែកពិភាក្សាស៊ីជម្រៅអំពី ការធ្វើសមាហរណកម្មប្រព័ន្ធ យន្តការហិរញ្ញប្បទាន និងនិរន្តរភាពស្ថាប័ន ដើម្បីធានាថាយន្តការគណនេយ្យភាពនឹងនៅតែបន្តដំណើរការប្រកបដោយភាពធន់ បើទោះបីជាគម្រោងអាចនឹងត្រូវបានបញ្ចប់ក៏ដោយ។ អ្វីដែលជាចំណុចលេចធ្លោបំផុតនោះគឺ ការបំពេញបន្ថែមនូវការបកប្រែភាសាសញ្ញា នៅក្នុងវីដេអូ ដើម្បីពង្រីកលទ្ធភាពទទួលបានព័ត៌មានប្រកបដោយបរិយាបន្ន។

ពីដំណោះស្រាយថ្នាក់មូលដ្ឋាន ឆ្ពោះទៅរកការកែទម្រង់ជាប្រព័ន្ធថ្នាក់ជាតិ

កម្មវិធីរដូវកាលថ្មីនេះមានចំនួន ៦ វគ្គ ដែលនឹងចាក់ផ្សាយរៀងរាល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៦:៣០ ល្ងាច ចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ តទៅ។ កម្មវិធីនេះនឹងនាំមកនូវកិច្ចសន្ទនាដ៏មានអត្ថន័យរវាងអ្នករៀបចំគោលនយោបាយថ្នាក់ជាតិ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងអ្នកសម្របសម្រួលផ្ទាល់នៅមូលដ្ឋាន៖

ការលេចរូបរាងនៃយន្តការថ្នាក់ក្រុង ស្រុក ខណ្ឌ (DMK Level)៖ ការស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមដែលឥឡូវនេះបានពង្រីកវិសាលភាពរហូតដល់កម្រិតរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ការបញ្ចូលផែនការ JAAP ទៅក្នុងកញ្ចប់ថវិកាជាតិ៖ ការពិភាក្សាអំពីរបៀបបំប្លែងមតិយោបល់របស់ពលរដ្ឋតាមរយៈផែនការសកម្មភាពរួមស្តីពីគណនេយ្យភាព (JAAP) ទៅជាសកម្មភាពជាក់ស្តែងដោយបញ្ជ្រៀបចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ/សង្កាត់ (CIP) ផ្ទាល់។

ចក្ខុវិស័យនិរន្តរភាព និងការចាកចេញរបស់ម្ចាស់ជំនួយ (Donors Exit)ការវិភាគកម្រិតម៉ាក្រូស្តីពីអនាគត និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះក្របខណ្ឌគណនេយ្យភាពសង្គមទាំងមូល។

វាគ្មិនកិត្តិយសរួមមាន៖

តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)​និងលោកស្រី​​ ផល​ គុយនី​ ​អភិបាលរងនៃគណៈអភិបាលស្រុកស្អាងខេត្តកណ្ដាល។

តំណាងថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ដូចជាអភិបាលរងស្រុកស្អាងខេត្តកណ្ដាល មេឃុំមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តតាកែវ ព្រមទាំងមន្រ្តីដឹកនាំផ្នែកបច្ចេកទេស និងមន្រ្តីដឹកនាំបណ្តាញសម្របសម្រួលសហគមន៍ (CAF)

លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពល រដ្ឋក្នុងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានថា៖ «ក្របខណ្ឌគណនេយ្យភាពសង្គមបានបង្ហាញថា ការចូលរួមប្រកបដោយអត្ថន័យរបស់ប្រជាពលរដ្ឋ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាព តម្លាភាព និងភាពឆ្លើយតបនៃសេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។ ក្នុងពេលដែលកម្ពុជាបន្តជំរុញការកែទម្រង់វិមជ្ឈការ និងអភិបាលកិច្ចថ្នាក់ក្រោមជាតិ វាពិតជាមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋទទួលបាន និងបន្តចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មាន និងចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីធ្វើឱ្យសេវាសាធារណៈក្នុងសហគមន៍របស់ពួកគាត់មានភាពល្អប្រសើរឡើង។ កម្មវិធីផតខាស់ នេះផ្តល់នូវវេទិកាដ៏ងាយស្រួលមួយសម្រាប់កិច្ចសន្ទនារវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលជួយបង្កើតការយល់ដឹងពីគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នាដើម្បីធ្វើអោយសេវាសាធារណៈកាន់តែប្រសើរ»

កម្មវិធីនេះមានគោលដៅផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ពិសេសក្រុមជនងាយរងគ្រោះ ស្ត្រី យុវជន ជនមានពិការភាព និងជនជាតិដើមភាគតិច នៅក្នុងរាជធានី ខេត្តគោលដៅទាំង១៧ និងខេត្តមិនមែនគោលដៅនៅទូទាំងប្រទេសកម្ពុជា។

ទាក់ទិននឹងការចាក់ផ្សាយនេះ លោក លឹម ប៊ុន នាយកកម្មវិធី ISAF នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានសង្កត់ធ្ងន់ថា «គណនេយ្យភាពសង្គមមានប្រសិទ្ធភាពបំផុត នៅពេលដែលវាបញ្ជ្រៀបខ្លួនក្លាយជាផ្នែកមួយនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាន។ តាមរយៈរដូវកាលទី២ នេះយើងនឹងបង្ហាញពីរបៀបដែលសហគមន៍ អាជ្ញាធរ និងរដ្ឋាភិបាលធ្វើការរួមគ្នាដើម្បីរក្សាយន្តការនេះប្រកបដោយចីរភាព ទោះបីជាគ្មានកញ្ចប់ថវិកាគាំទ្រផ្ទាល់ពីគម្រោងខាងក្រៅនាពេលអនាគតក៏ដោយ»

ព័ត៌មានបន្ថែមសម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖

លោក លន់ លឿត ប្រធានផ្នែកទំនាក់ទំនងរបស់គម្រោង

ទូរសព្ទ៖ 012 798 616 | អ៊ីម៉ែល៖ loeurt_lun@wvi.org