សេចក្តីប្រកាសព័ត៌មានរួម: ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោក ចុះកិច្ចព្រមព្រៀងគម្រោង លើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុក ដើម្បីពង្រឹងគុណភាពអប់រំ នៅខេត្តគោលដៅចំនួន ០៧

Signing Project Agreement MoEYS x WVI-C
Pisey Sar
Monday, July 6, 2026

រាជធានីភ្នំពេញ-ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦: ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង លើកកម្ពស់សមត្ថភាពរដ្ឋបាលក្រុង ស្រុកដើម្បីអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរ។ គម្រោងរយៈពេល ០២ឆ្នាំ ចាប់ពីខែកក្កដា ២០២៦ ដល់ខែតុលា ឆ្នាំ២០២៧ នឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ០៧ រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ  បាត់ដំបង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ចុះហត្ថលេខា​ដោយ​លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង​លោកស្រីវេជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា។  ពិធីចុះហត្ថលេខាលើអនុស្សរៈយោគយល់គ្នានេះ ប្រព្រឹត្តនៅ​ទីស្ដីការក្រសួង​អប់រំ យុវជន និង​កីឡា។

គម្រោងនេះ មានគោលដៅគាំទ្រក្រសួងអប់រំ យុវជន និងកីឡាដើម្បីអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុកគោលដៅ នៅខេត្តទាំង ០៧ លើការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសពង្រឹងការអនុវត្តខ្សែគណនេយ្យភាពរវាងរដ្ឋបាលក្រុង ស្រុកជាមួយស្ថាប័នអប់រំតាមរយៈការបន្ស៊ីគ្នា រវាងអង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តមុខងារ សំដៅដល់ការគាំទ្រគ្រឹះស្ថានសិក្សាសាធារណះដើម្បីធានាគុណភាពនៃការអប់រំដល់សិស្សានុសិស្ស។

ចាប់តាំងពីឆ្នាំ២០២៤ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ទេរមុខងារវិស័យអប់រំ         យុវជន និងកីឡាទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បី​ពង្រីកការ​ធ្វើ​វិមជ្ឈការមុខងារ​អប់រំ នៃអនុវិស័យចំនួនបីរួមមាន៖ ការអប់រំ​កុមារតូច ការអប់រំបឋមសិក្សា និងការអប់រំ​ក្រៅ​ប្រព័ន្ធ។

ក្នុងឆ្នាំ២០២៥ អង្គការទស្សនៈពិភពលោកអន្តរជាតិ បានអនុវត្តគម្រោងសាកល្បងលើកកម្ពស់សមត្ថភាព រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។  តាមរយៈបទពិសោធន៍ ការឆ្លុះបញ្ចាំង ការរៀនសូត្រដែលទទួលបានពីការអនុវត្ត និងការវាយតម្លៃគម្រោងដែលបានអនុវត្តដោយអង្គការទស្សនៈពិភពលោកនាពេលកន្លងមក បានបង្ហាញថា ការផ្ទេរមុខងារបានធ្វើឱ្យសេវារដ្ឋបាលអប់រំ (ការតែងតាំង ការដំឡើងថ្នាក់ និងការដោះស្រាយអត្ថប្រយោជន៍ បុគ្គលិក) មានភាពខិតជិតទៅរកអ្នកប្រើប្រាស់សេវា។ ភាពពេញចិត្តក្នុងកម្រិតខ្ពស់ (ជាង៨០%) ពីសំណាក់បុគ្គលិកអប់រំបានបញ្ជាក់ថា រដ្ឋបាលក្រុង ស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាត់ចែងមុខងារគ្រប់គ្រងធនធានមនុស្សបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពជាងមុន។

លោកស្រីវិជ្ជបណ្ឌិត ថិន ធីហា នាយិកាស្តីទីប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ រួមចំណែកដល់ការលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា៖   «លទ្ធផលនៃគម្រោងសាកល្បងក្នុងខេត្តទាំងពីរនេះ បានក្លាយជាមូលដ្ឋានគ្រឹះ និងជាមេរៀន​ពិសោធន៍ ដ៏មានតម្លៃដែលអាចធ្វើឱ្យអង្គការទស្សនៈពិភពលោកបន្តផ្តល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រីកវិសាលភាពនៃការពង្រឹងសមត្ថភាពនេះទៅកាន់រាជធានី ខេត្តផ្សេងៗទៀត ដើម្បីធានាបាននូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ចំទិសដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម»

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគី ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដូចជាអង្គការទស្សនៈពិភពលោកក្នុងការជំរុញ និងពង្រីកវិសាលាភាពនៃការអនុវត្ត គម្រោងនេះថា៖ «កិច្ចសហការជាមួយអង្គការទស្សនៈពិភពលោកក្នុងការបន្តគាំទ្រការអនុវត្តអនុក្រឹត្យ លេខ២១៣ ស្តីពីការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាថាការ ផ្ទេរមុខងារអប់រំ បានជួយលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្សនៅទូទាំងប្រទេស»៕

ព័ត៌មានបន្ថែម សូមទាក់ទង៖

សរ ពិសី អ្នកបច្ចេកទេសផ្នែកកិច្ចការសាធារណៈនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

លេខទូរសព្ទ: 085 605 069 | អ៊ីម៉េល: pisey_sar@wvi.org